កាលដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺ អូរដំបង និង អូរសង្កែ ។ តែក្រោយមក គេបានចាត់ចែង ទប់ស្ទឹង អូរដំបងនេះ ដើម្បី អោយទឹកហូរ មកតែមួយផ្លូវ តាមស្ទឹងដដែលដែលហូរកាត់ ទីប្រជុំជនបាត់ដំបង។
តាមសេចក្តីដំណាលរបស់ចាស់ទុំមុនៗ មកនិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូច មួយមានទទឹងប្រហែល ៤ទៅ៥ម៉ែត្រ ត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង។ គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន បានជាដីត្រង់នោះគេហៅថា គុម្ពសង្កែ ៗ។ តមកគេបានសាង វត្តនេះឡើងហៅថា វត្តសង្កែ ។ ឯតួស្ទឹងធំសំរាប់បាត់ដំបង គឺស្ទឹងនៅត្រង់ ភូមិអូរដំបង សព្វថ្ងៃនេះបានជានៅខាងចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់ ។