Tuesday, February 7, 2012

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី៣]


ពង្សាវតារសម្តេចវាំងជួន បានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី ១៦ បានសុគតនៅក្នុងឆ្នាំជូតក្នុងព្រះជន្ម៤៩វស្សា។ ព្រះអង្គសោយរាជ្យបាន ២៩ឆ្នាំ។ ពង្សាវតារវត្តទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូងកាលបើបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះបាទចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះនៅភ្នំក្រោម។
ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវនឹង គ.ស ១០០១ ដំបងគ្រញូងកូនរាស្រ្ត សាមញ្ញដែលមានពង្សចេញពីស្រទាប់ប្រជាជនកសិករបានទទួល អភិសេកឡើងសោយរាជ្យ សម្បត្តិគ្រប់គ្រងប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយជាស្តេចទី ១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោត្តមអមរទេវរាជ។
គ្រាន់តែបានទទួលជ័យជំនះឡើង កាន់អំនាច និង សោយរាជ្យភ្លាម ស្តេចដំបងគ្រញូងមិនបង្អប់ទុក ងោយរាជវង្សានុវង្ស ព្រះមហាក្សត្រមុនបានសុខឡើង។ ព្រះអង្គចេញបញ្ជាទៅគ្រប់ មន្ត្រីពលសេនាទៅតាមភូមិស្រុក តំបន់នានាក្នុងព្រះរាជាអាណាចក្រអោយដើរស្រាវជ្រាវ ឆែកឆេររក ចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសំលាប់ចោល ដោយដុតក្នុងភ្លើងទាំងរស់។