រូបភាពតំណាង |
មុនឆ្នាំ ១៩០៧ កំឡុងពេលបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់លោកម្ចាស់ មានការកាត់ទោសប្រហារជីវិត ដល់ជនណាដែលប្រព្រឹត្តបទល្មើសខុស នឹង ច្បាប់ដែលលោកម្ចាស់តែងតែបង្កើតអោយគោរពតាមតែទំនើងចិត្ត។ ការកាត់ទោសប្រហារជីវិត គឺគេប្រើដាវដើម្បីកាត់ក្បាល។ ដាវដែលប្រើសំរាប់ប្រហារជីវិតរបស់លោកម្ចាស់ មានឈ្មោះថា ស្រីខ្មៅ។
អ្នកស្រុកតែងនិយាយថា ដាវស្រីខ្មៅនេះ មុដខ្លាំងណាស់ គឺគេអាចកាប់ទៀនដែលដោតបញ្ឈរអោយដាច់ជាពីរបានដោយមិនដួល លុះត្រាតែយើងយកដៃទៅប៉ះ ទើបទៀននោះដួល។ ដាវនេះមានតំណមខ្លាំងណាស់ តែកាលណាដកចេញពីស្រោមហើយ គឺត្រូវតែកាត់ក្បាលអោយបាន២នាក់។ ដោយសារតែមនុស្សសម័យនោះ មានភាពស្លូតត្រង់ មានថ្ងៃមួយដល់ថ្ងៃត្រូវប្រហារជីវិតជនល្មើស ជនល្មើសក៏ត្រូវធ្វើដំណើរទៅមាត់រណ្តៅ ដើម្បីធ្វើការប្រហារជីវិត តែដោយសារថ្ងៃនោះ អ្នកទោសមានតែម្នាក់ ពិជ្ឍឃាត ក៏ប្រាប់អ្នកទោសថា មិនមានដៃគូ ដូចនេះអ្នកទោសអាចទៅផ្ទះវិញ ដោយរស់នៅជុំបងប្អូនធម្មតា រង់ចាំដល់ថ្ងៃមានដៃគូ។ លុះដល់ថ្ងៃមានគូ ភ្នាក់ងារខាងតុលាការ ក៏ទៅហៅអ្នកទោសដល់ផ្ទះ ដើម្បីយកមកប្រហារជីវិត។ រណ្តៅប្រហារជីវិត ត្រូវបានគេជីកនៅខាងកើតស្ទឹង ម្តុំត្រង់ស្ពានរថភ្លើង( បច្ចុប្បន្នម្តុំផ្លូវភូមិចិន ហួសជិតដល់ស្ពានរថភ្លើងរួចបត់ឆ្វេង) ។ ពេលទៅដល់មាត់រណ្តៅ គេចាប់អ្នកទោសអោយលត់ជង្គង់ គេមិនចង់ដៃ ឬ ជើងទេ គឺគេយកតែក្រណាត់ខ្មៅមកចងបិទភ្នែកអ្នកទោសតែប៉ុណ្ណោះ។ គេសៀតផ្កាក្រហមនៅត្រចៀកអ្នកទោសផងដែរ។ ហេតុនេះហើយ ទើបចាស់ៗសម័យនោះ ហាមក្មេងៗ មិនអោយលេងចងសៀតផ្កាក្រហមនៅត្រចៀកឡើយ ព្រោះវាដូចជាអ្នកទោសដែលគេរៀបនឹងប្រហារជីវិត ។ពេជ្ឍឃាត មានពីរនាក់ មួយជាអ្នកឈរខាងមុខ ឈរជន្លរដាវដាក់អ្នកទោស មួយទៀតជាអ្នកកាត់ក្បាលឈរនៅខាងក្រោយ រួចគេទំលាក់អ្នកទោសចូលរណ្តៅ ហើយគេយកក្បាលទៅដោតនៅនឹងផ្លូវរ៉បមាត់ស្ទឹង ជិតស្ពានរថភ្លើងសព្វថ្ងៃ។
ទោះបីជាការកាត់ទោសធ្វើឡើងសាហាវយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកប្រព្រឹត្តបទល្មើស មិនលស់ពេលដែរ៕
No comments:
Post a Comment