Monday, August 13, 2012

ប្រវត្តិ​ស្ទឹង​សង្កែ


ស្ទឹង​សង្កែ ជាស្ទឹងដ៏សំខាន់ហូរកាត់ ទីប្រជុំជនបាត់ដំបង។ ស្ទឹងនេះ មានប្រភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅត្រង់តំបន់ ប៉ៃលិន ដែលគេហៅថា ស្រុកលើ មានស្ទឹងអូរតូចៗ ជាច្រើនហូរចាក់មក ដូចជា អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹង​កំពង់គល់ ។ល។




កាលដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនបាត់ដំបង ស្ទឹងសង្កែ​ហូរបែកជាពីរ គឺ អូរដំបង និង អូរសង្កែ ។ តែក្រោយមក គេបានចាត់ចែង ទប់ស្ទឹង អូរដំបងនេះ ដើម្បី អោយទឹកហូរ មកតែមួយផ្លូវ តាមស្ទឹងដដែលដែលហូរកាត់ ទីប្រជុំជនបាត់ដំបង។

តាមសេចក្តីដំណាលរបស់ចាស់ទុំមុនៗ មកនិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូច មួយមានទទឹងប្រហែល ៤ទៅ៥ម៉ែត្រ ត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង។ គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន បានជាដីត្រង់នោះគេហៅថា គុម្ពសង្កែ ៗ។ តមកគេបានសាង វត្តនេះឡើងហៅថា វត្តសង្កែ ។​​ ឯតួស្ទឹងធំសំរាប់បាត់ដំបង គឺស្ទឹងនៅត្រង់ ភូមិអូរដំបង សព្វថ្ងៃនេះបានជានៅខាងចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់






Sunday, March 11, 2012

ប្រវត្តិលោកតាដំបងក្រញូង[ភាគបញ្ចប់]


កាលបើបានឃើញអ្នកមានបុណ្យ ជិះសេះដល់ដូច ហោរាទស្សន៏ទាយ ប្រជាពលរដ្ឋដែលនាំគ្នាចាំមើល កកកុញក្នុងមហានគរ ស្រែកហ៊ោរកញ្ជៀវ ទ្រហឹងអឺងកងរត់ប្រពាក់ ប្រពូនតាមមើលព្រឹត្តការណ៏។ ចំណែកស្តេចដំបងគ្រញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរណាស់មកហើយ កាលបើបានឃើញជាក់ស្តែងនឹងភ្នែក កើតមានក្តីមួហ្មងក្តៅក្រហាយ ខឹងសម្បារជាខ្លាំង ចាប់ទាញដំបងគ្រញូង មកគប់ចោលតម្រង់ទៅពញាក្រែក ឬ ព្រហ្មកិល ដើម្បីប្រហារជីវិត ឱ្យក្សិណក្ស័យតែម្តង។ ប៉ុន្តែដំបងរបស់ស្តេចដំបងគ្រញូងបែរ ជាអស់រិទ្ធិ មិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយជាអូរ ដែលមានឈ្មោះថា អូរដំបង។ ហើយតំបន់នោះក៏មានឈ្មោះថា បាត់ដំបង។



Tuesday, February 7, 2012

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី៣]


ពង្សាវតារសម្តេចវាំងជួន បានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី ១៦ បានសុគតនៅក្នុងឆ្នាំជូតក្នុងព្រះជន្ម៤៩វស្សា។ ព្រះអង្គសោយរាជ្យបាន ២៩ឆ្នាំ។ ពង្សាវតារវត្តទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូងកាលបើបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះបាទចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះនៅភ្នំក្រោម។
ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវនឹង គ.ស ១០០១ ដំបងគ្រញូងកូនរាស្រ្ត សាមញ្ញដែលមានពង្សចេញពីស្រទាប់ប្រជាជនកសិករបានទទួល អភិសេកឡើងសោយរាជ្យ សម្បត្តិគ្រប់គ្រងប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយជាស្តេចទី ១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោត្តមអមរទេវរាជ។
គ្រាន់តែបានទទួលជ័យជំនះឡើង កាន់អំនាច និង សោយរាជ្យភ្លាម ស្តេចដំបងគ្រញូងមិនបង្អប់ទុក ងោយរាជវង្សានុវង្ស ព្រះមហាក្សត្រមុនបានសុខឡើង។ ព្រះអង្គចេញបញ្ជាទៅគ្រប់ មន្ត្រីពលសេនាទៅតាមភូមិស្រុក តំបន់នានាក្នុងព្រះរាជាអាណាចក្រអោយដើរស្រាវជ្រាវ ឆែកឆេររក ចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសំលាប់ចោល ដោយដុតក្នុងភ្លើងទាំងរស់។