Sunday, March 11, 2012

ប្រវត្តិលោកតាដំបងក្រញូង[ភាគបញ្ចប់]


កាលបើបានឃើញអ្នកមានបុណ្យ ជិះសេះដល់ដូច ហោរាទស្សន៏ទាយ ប្រជាពលរដ្ឋដែលនាំគ្នាចាំមើល កកកុញក្នុងមហានគរ ស្រែកហ៊ោរកញ្ជៀវ ទ្រហឹងអឺងកងរត់ប្រពាក់ ប្រពូនតាមមើលព្រឹត្តការណ៏។ ចំណែកស្តេចដំបងគ្រញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរណាស់មកហើយ កាលបើបានឃើញជាក់ស្តែងនឹងភ្នែក កើតមានក្តីមួហ្មងក្តៅក្រហាយ ខឹងសម្បារជាខ្លាំង ចាប់ទាញដំបងគ្រញូង មកគប់ចោលតម្រង់ទៅពញាក្រែក ឬ ព្រហ្មកិល ដើម្បីប្រហារជីវិត ឱ្យក្សិណក្ស័យតែម្តង។ ប៉ុន្តែដំបងរបស់ស្តេចដំបងគ្រញូងបែរ ជាអស់រិទ្ធិ មិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយជាអូរ ដែលមានឈ្មោះថា អូរដំបង។ ហើយតំបន់នោះក៏មានឈ្មោះថា បាត់ដំបង។



ឃើញហេតុភេទដ៏អស្ចារ្យ ដូច្នោះ ប្រជានុរាស្ត្រខ្មែរគ្រប់រូប ព្រមទាំងសេនា នាហ្មឺនសព្វមុខ មន្ត្រីក៏នាំគ្នា ក្រាបថ្វាយបង្គំសំពះ ទទួល ព្រហ្មកិល។ ឯស្តេចដំបងគ្រញូងវិញ ដែលយល់ដឹងថា ខ្លួនអស់បុណ្យបារមី អស់សមត្ថភាព ក៏សុខចិត្តដាក់ខ្លួន ក្រាបថ្វាយបង្គំ ពញាក្រែក ឬ ព្រហ្មកិលសុំចំណុះចុះចាញ់ហើយ លើករាជ្យសម្បតិ្តប្រគល់ ថ្វាយក្នុងពេលជាមួយគ្នានោះទៅហោង។
អតីតស្តេចដំបងគ្រញូង បានសម្រេចចិត្តធ្វើដូចអ្វីដែលបានគិតទុកនោះមែន គឺធ្វើដំនើរគ្មានទិសដៅ ចាកចេញពីព្រះនគរក្នុង ខែភទ្របទ ឆ្នាំវក។ ដំបងគ្រញូងបានទៅដល់ស្រុកលាវ។ កាលនោះ នគរចម្ប៉ាសាក់ ត្រូវហ្វូងដំរីចេញមកយារយីរាតត្បាត ធ្វើអោយប្រជានុរាស្រ្ត រងទុក្ខវេទនា និង វិនាសហិនហោចអស់ជាច្រើន។ ស្តេចដំបងគ្រញូង បានចេញទៅជួយ យកអាសារស្តេចលាវ កំចាត់អស់ហ្វូងដំរី ។ ដូច្នេះហើយដើម្បីតបស្នងសងគុណផង ហើយជាពិសេស ដោយភ័យព្រួយបារម្ភ ខ្លាចកំលាំងអំនាច តេជៈបារមីផងទើបបានជាស្តេចស្រុកលាវ ព្រះស៊ីសុច្ចណាគុណហ៊ុត លើកកូនក្រមុំព្រះនាម សយបុបា្ផ អោយទៅដំបងគ្រញូង ទុកធ្វើជាភរិយា។ តែស្តេចលាវនឹកគិតក្នុងខ្លួនម្នាក់ឯងថា ដំបងគ្រញូងនេះ ខ្លាំងពូកែណាស់ ហើយនឹងអាចក្បត់ដណ្តើមរាជ្យពីយើង ជាមិនខាន។ ដូច្នេះត្រូវតែធ្វើដូចម្តេច ដើម្បីកំចាត់អោយបានមុនជាដាច់ខាត ស្តេចលាវក៏អង្វរកូនស្រី អោយប្រើល្បិចកិច្ចកល ស៊ើបសួរប្តីថា តើធ្វើដូចម្តេចទើបគេអាច សម្លាប់បាន? ហើយបើចង់សម្លាប់វិញ តើគេប្រើមធ្យោបាយ ដូចម្តេចដែរ? ។ កាលណាបានដឹងគ្រប់សេចក្តី ហើយ នាងត្រូវមកប្រាប់បិតាវិញជាបន្ទាន់។
លុះទៅដោយការលួងលោមរបស់ប្រពន្ធ ដំបងគ្រញូ រៀបរាប់អស់នូវរឿងអាថ៌កំបាំង ដែលមានជាប់ទាក់ទង ទៅនឹងអាយុជីវិតរបស់ខ្លួន។ នាងសយបុបា្ផ ក៏យកដំនឹងនោះទៅប្រាប់បិតា តាមដំនើររឿង។ បានដឹងដូច បំណងស្តេចលាវ មិនបង្អន់យូរឡើយក៏ចាត់ចែងរៀបចំអោយធ្វើ គ្រឿងយន្តដាក់ក្នុងបង្គន់សំរាប់សំលាប់ ដំបងក្រញូង។ ថ្ងៃមួយនៅពេលដែលដើរចូលទៅក្នុង បង្គន់ដំបងគ្រញូង ដើរទៅទាក់ជើងនឹងខ្សែជាហេតុធ្វើអោយគន្លឹះគ្រឿងយន្ត បាញ់ស្នចំចូលក្នុងរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនបានស្លាប់ភ្លាមនោះទេ ។ ពេលនោះដំបងគ្រញូងយល់ច្បាស់ណាស់ អំពីបុព្វហេតុដែល នាំបណ្តាលអោយអស់ជីវិត។ គាត់បានពោលថា មិនគួរណាយើងមកបរាជ័យចាញ់បោកគេ ដោយសារតែសម្ផស្សរបស់ស្ត្រីសោះ ហើយគាត់បានផ្តែផ្តាំទៀតថា៖



១- មិនត្រូវដេកលង់លក់ទេ នៅពេលណាដែលយើងត្រូវខ្យល់បោកបក់ បបោសអង្អែល។
២- កាលណាចូលដំនេក មិនត្រូវនិយាយរឿងអាថ៌កំបាំងប្រាប់ប្រពន្ធទេ។
៣- មិនត្រូវទុកចិត្តស្រីណា ដែលនៅក្រៅគ្រួសារឡើយ។
៤ - កាលណាឃ្លានគេត្រូវយកអង្ករមកលាង ដណ្តាំបាយអោយឆ្អិនសិន សិមបរិភោគក្រោយ។
ដោយមានរបួសជាទម្ងន់ ដំបងក្រញូងក៏ចាកចេញ ពីស្រុកលាវ ហើយត្រឡប់ទៅស្លាប់នៅឯស្រុកកំនើត របស់ខ្លួនវិញ គឺនៅស្រុកសួនមង្ឃុត នោះបើតាមពង្សាវតារ វត្តទឹកវិល។ ពង្សាវតារដដែល បានបញ្ជាក់បន្តទៀតថា ព្រះនាងសយបុបា្ផ ដែលពោរពេញទៅដោយវិប្បិដិសារី បានធ្វើដំនើរទៅតាមស្វាមី ហើយបំរើកំដរ ប្រណិប័តន៏ រហូតដល់ថ្ងៃស្លាប់។ ព្រះនាងបានរៀបចំធ្វើពិធីបូជាតាម ទំនៀមទំលាប់ ប្រពៃណី ហើយបានយកអដ្ឋិធាតុទៅតម្កល់ទុកក្នុងចេតិយមួយក្នុងស្រុកចម្ប៉ាសាក់។
រីឯ ពញាក្រែក ឬ ព្រហ្មកិល វិញ ព្រះអង្គបានទទួលរាជាភិសេក នៅថ្ងៃ ១កើត ខែ មិគសិរ ឆ្នាំ វក ព.ស ១៥៥២ គ.ស ១០០៨។ ព្រះអង្គបានទទួលព្រះបរមនាមថា ព្រះបាទសម្តេចសន្ធពអម្រែក ព្រះបរមព្រហ្មកិលអង្គម្ចាស់។ (នេះបើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នព្វរតន៏) ។ តែបើតាមពង្សាវតារ វត្តកោកកាក ថា ពញាក្រែក ឬ ព្រហ្មកិល ព្រះអង្គមានព្រះបរមនាមថា ព្រះបាទសន្ធពអម្រិន្ទ៕
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មទេសនា របស់ ភិក្ខុ សុខ សុភាព ចៅអធិការវត្ត លៀប និង ជាព្រះធម្មធរអនុកណ ស្រុកបាត់ដំបង ខេត្តបាត់ដំបង

No comments:

Post a Comment