Monday, October 10, 2016

ទោសប្រហារជីវិត សម័យលោកម្ចាស់

រូបភាពតំណាង

មុនឆ្នាំ​ ១៩០៧​​ កំឡុងពេលបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់លោកម្ចាស់​ មានការកាត់ទោសប្រហារជីវិត​ ដល់ជនណាដែលប្រព្រឹត្តបទល្មើសខុស នឹង ច្បាប់ដែល​លោកម្ចាស់តែងតែបង្កើតអោយគោរពតាមតែទំនើងចិត្ត​។ ការកាត់ទោសប្រហារជីវិត​ គឺគេប្រើដាវដើម្បីកាត់ក្បាល។​ ដាវដែលប្រើសំរាប់ប្រហារជីវិតរបស់លោកម្ចាស់​ មានឈ្មោះថា​ ស្រីខ្មៅ។​



អ្នកស្រុកតែងនិយាយថា ដាវស្រីខ្មៅនេះ មុដខ្លាំងណាស់ គឺគេអាចកាប់ទៀនដែលដោតបញ្ឈរអោយដាច់ជាពីរបានដោយមិនដួល​ លុះត្រាតែយើងយកដៃទៅប៉ះ​ ទើបទៀននោះដួល។ ដាវនេះមានតំណមខ្លាំងណាស់​ តែកាលណាដកចេញពីស្រោមហើយ​ គឺត្រូវតែកាត់ក្បាលអោយបាន២នាក់។​ ដោយសារតែមនុស្សសម័យនោះ​ មានភាពស្លូតត្រង់ ​មានថ្ងៃមួយដល់ថ្ងៃត្រូវប្រហារជីវិតជនល្មើស ជនល្មើសក៏ត្រូវធ្វើដំណើរទៅមាត់រណ្តៅ​ ដើម្បីធ្វើការប្រហារជីវិត​ តែដោយសារថ្ងៃនោះ​ អ្នកទោសមានតែម្នាក់ ពិជ្ឍឃាត ក៏ប្រាប់អ្នកទោសថា​ មិនមានដៃគូ ដូចនេះអ្នកទោសអាចទៅផ្ទះវិញ ដោយរស់នៅជុំបងប្អូនធម្មតា រង់ចាំដល់ថ្ងៃមានដៃគូ។ ​លុះដល់ថ្ងៃមានគូ ភ្នាក់ងារខាងតុលាការ ក៏ទៅហៅអ្នកទោសដល់ផ្ទះ ដើម្បីយកមកប្រហារជីវិត។ រណ្តៅប្រហារជីវិត​ ត្រូវបានគេជីកនៅខាងកើតស្ទឹង ម្តុំត្រង់ស្ពានរថភ្លើង​( បច្ចុប្បន្នម្តុំ​ផ្លូវភូមិចិន ហួសជិតដល់ស្ពានរថភ្លើងរួចបត់ឆ្វេង) ។ ពេលទៅដល់មាត់រណ្តៅ គេចាប់អ្នកទោសអោយលត់ជង្គង់​ គេមិនចង់ដៃ ឬ​ ជើងទេ គឺគេយកតែក្រណាត់ខ្មៅមកចងបិទភ្នែកអ្នកទោសតែប៉ុណ្ណោះ។ គេសៀតផ្កាក្រហមនៅត្រចៀកអ្នកទោសផងដែរ។  ហេតុនេះហើយ ទើបចាស់ៗសម័យនោះ ហាមក្មេងៗ មិនអោយលេងចងសៀតផ្កាក្រហមនៅត្រចៀកឡើយ ព្រោះវាដូចជាអ្នកទោសដែលគេរៀបនឹងប្រហារជីវិត ។ពេជ្ឍឃាត មានពីរនាក់​ មួយជាអ្នកឈរខាងមុខ​​ ឈរជន្លរដាវដាក់អ្នកទោស  មួយទៀតជាអ្នកកាត់ក្បាលឈរនៅខាងក្រោយ រួចគេទំលាក់អ្នកទោសចូលរណ្តៅ ហើយគេយកក្បាលទៅដោតនៅនឹងផ្លូវរ៉បមាត់ស្ទឹង ជិតស្ពានរថភ្លើងសព្វថ្ងៃ។




ទោះបីជាការកាត់ទោសធ្វើឡើងសាហាវយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកប្រព្រឹត្តបទល្មើស  មិនលស់ពេលដែរ៕

No comments:

Post a Comment